សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តត្បូងឃ្មុំ អ្នកស្រី មាន ឡា និងកូនស្រីតូច អាយុជិត ៣ខែ បានរត់ភៀសខ្លួនទៅដល់ប្រទេសថៃហើយ នៅថ្ងៃទី៧ ខែតុលា បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ ព្រៃភ្នំដងអូរអស់រយៈពេលច្រើនថ្ងៃច្រើនយប់ ដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធររបបក្រុងភ្នំពេញ ដោយសារមូលហេតុនយោបាយ។
អ្នកស្រី មាន ឡា ប្រាប់អាស៊ីសេរីថា ការធ្វើដំណើរឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ ជួបការលំបាក និងឧបសគ្គជាច្រើន ដូចជាធ្វើដំណើរឆ្លងកាត់ព្រៃជ្រៅក្នុងពេលយប់ រាប់សិបគីឡូម៉ែត្រ ហើយប្រឈមនឹងការបាញ់សម្លាប់ ឬចាប់ខ្លួន ប្រសិនបើវាសនាអាក្រក់ជួបជាមួយតម្រួត ឬទាហានថៃ។
អ្នកស្រី មាន ឡា គឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ការដែលស្ត្រីកូនខ្ចីរូបនេះ តស៊ូខំរត់គេចខ្លួនរកទីកន្លែងមានសុវត្ថិភាពនេះគឺដោយសារតុលាការខេត្តត្បូងឃ្មុំផ្ដន្ទាទោសអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពីបទរួមគំនិតក្បត់ ដែលជាសំណុំរឿងចាស់កាលពីឆ្នាំ២០១៩។ ក្រោយប្រកាសសាលក្រម តុលាការ បានបង្គាប់ឲ្យសមត្ថកិច្ច តាមចាប់ខ្លួនអ្នកស្រីយកមកដាក់ក្នុងពន្ធនាគារវិញ ខណៈអ្នកស្រីធ្លាប់ជាប់ឃុំចំនួន ២ ខែ ម្ដងរួចមកហើយ អំឡុងពេលមានផ្ទៃពោះ កាលពីចុងឆ្នាំ២០១៩។
សូមស្ដាប់បទសម្ភាសន៍ជាមួយអ្នកស្រី មាន ឡា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។